Revelation of John 15

1បន្ទាប់មកខ្ញុំឃើញទីសំគាល់​មួយ​ទៀត​ដែល​ធំហើយអស្ចារ្យនៅ​លើ​មេឃ​គឺ​មាន​ទេវតាប្រាំពីរកាន់គ្រោះកាចប្រាំពីរ​ដែល​ជា​គ្រោះកាច​ចុងក្រោយដ្បិតសេចក្ដីក្រោធ​របស់​ព្រះជាម្ចាស់​បាន​សម្រេចដោយសារ​គ្រោះកាច​ទាំងនោះ 2ខ្ញុំបាន​ឃើញ​មាន​ដូចជាសមុទ្រកែវលាយ​ជាមួយ​ភ្លើងហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះសត្វសាហាវនោះនិងរូបចម្លាក់​របស់​វាព្រមទាំងលេខឈ្មោះ​របស់​វា​កំពុង​ឈរ​នៅ​លើសមុទ្រកែវនោះ​ទាំង​កាន់ពិណ​របស់​ព្រះជាម្ចាស់ 3ពួកគេច្រៀងចម្រៀងរបស់​លោក​ម៉ូសេ​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​និង​ចម្រៀងរបស់កូនចៀមថា៖ ​«​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់អើយ! ​ស្នារព្រះហស្ដ​របស់​ព្រះអង្គធំហើយអស្ចារ្យ​ណាស់​ឱ​ព្រះមហាក្សត្រនៃជនជាតិទាំងឡាយអើយ! ​ផ្លូវ​របស់​ព្រះអង្គសុចរិតហើយពិតត្រង់ 4ព្រះអម្ចាស់អើយ! ​តើ​មាន​អ្នកណាមិនកោតខ្លាចហើយ​មិន​ថ្វាយសិរីរុងរឿងដល់​ព្រះ​នាម​របស់​ព្រះអង្គ? ​ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ។ ​ជនជាតិទាំងអស់​នឹង​ចូលមកហើយថ្វាយបង្គំព្រះអង្គព្រោះសេចក្ដីសុចរិត​របស់​ព្រះអង្គ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ»។ 5ក្រោយពី​ហេតុការណ៍​ទាំងនេះ​ខ្ញុំ​បាន​ឃើញ​ព្រះ​វិហារនៅស្ថានសួគ៌​ដែល​ជា​រោងនៃ​សេចក្ដី​បន្ទាល់​បាន​បើកចំហ 6ហើយទេវតា​ទាំង​ប្រាំពីរដែលកាន់គ្រោះកាច​ទាំង​ប្រាំពីរ​ក៏​ចេញពី​ព្រះ​វិហារមក​ទាំង​ស្លៀកពាក់សំពត់ទេសឯក​យ៉ាង​ស្អាតហើយភ្លឺក៏ពាក់ខ្សែក្រវាត់មាសនៅដើមទ្រូង​ផង។ 7ពេលនោះសត្វ​មាន​ជីវិត​មួយក្នុងចំណោមសត្វ​មាន​ជីវិត​ទាំង​បួនបានប្រគល់ពានមាសប្រាំពីរដល់ទេវតា​ទាំង​ប្រាំពីរ​ដែល​មាន​ពេញ​ដោយ​សេចក្ដីក្រោធ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់អស់កល្បជានិច្ច 8ព្រះវិហារ​ក៏​បាន​ពេញ​ដោយ​ផ្សែងចេញពីសិរីរុងរឿង​របស់​ព្រះជាម្ចាស់និងពីព្រះចេស្ដារបស់ព្រះអង្គហើយគ្មាន​នរណា​អាចចូលទៅក្នុង​ព្រះ​វិហារបានទេរហូតទាល់តែគ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរនោះចប់​សព្វ​គ្រប់​សិន។
Copyright information for KhmKCB